ខ្ជិល​​មែនទេ! ៥វិធី​នេះអាចជួយអ្នកបាន - Cambo396 -----------------------------------------------

Latest

loading...

Friday, September 22, 2017

ខ្ជិល​​មែនទេ! ៥វិធី​នេះអាចជួយអ្នកបាន

ប្រាកដ​ជា​គ្មាន​នរណា​មិន​ធ្លាប់​ខ្ជិល​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​មិន​ដឹង​ដែរ​ថា​ភាព​ខ្ជិល​នេះ​​នាំ​តែ​រឿង​មិន​ល្អ​មក​ឲ្យ​យើង​ជានិច្ច។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ​យើង​មក​ឈ្វេង​យល់​ពី​វិធី​កម្ចាត់​ភាព​ខ្ជិល​នេះ​ទាំង​អស់​គ្នា៖
១. សម្រាក​​សិន​ទៅ
វិធី​តែ​មួយ​ដែល​អាច​ឲ្យ​យើង​បាត់​ខ្ជិល​បាន គឺ​ត្រូវ​សម្រាក ត្រូវ​ឈប់ ព្រោះ​នៅ​ពេល​ដែល​យើង​កំពុង​ខ្ជិល ប្រាកដ​ជា​គ្មាន​ចិត្ត​ចង់​ធ្វើ​អ្វី​បាន​ល្អ​ទេ ទោះ​បី​ខំ​ប្រឹង​ធ្វើ​បន្លប់​ៗ​ក៏​លទ្ធផល​ចេញ​មក​វា​មិន​សូវ​ល្អ​ដែរ។ ដូច្នេះ​ហើយ​គួរ​សម្រាក​តែ​ម្ដង រួច​ហើយ​សឹម​តាំង​ជំហរ​ឲ្យ​ល្អ​ឡើង​វិញ។ តែ​មិន​មែន​ខ្ជិល​ពេល​ណា​ក៏​សម្រាក​ពេល​ហ្នឹង​​ទេ គឺ​ត្រូវ​គិត​ទុក​​ថា​នឹង​ឈប់​​សម្រាក​យូរ​ប៉ុណ្ណា ហើយ​ការងារ​ដែល​ត្រូវ​ធ្វើ​នោះ​ប្រញាប់​កម្រិត​​ណា​ផង។
  ២. ស្វែង​រក​មូលហេតុ​ថា​ខ្ជិល​ព្រោះ​អ្វី
មាន​មនុស្ស​តិច​អ្នក​ប៉ុណ្ណោះ​ដែល​ចំណាយ​ពេល​អង្គុយ​វិភាគ​ខ្លួន​ឯង​​ថា​ហេតុ​អ្វី​ខ្ជិល​ធ្វើ​ការ ខ្ជិល​រៀន ខ្ជិល​ធ្វើ​នេះ​ខ្ជិល​ធ្វើ​នោះ ប៉ុន្តែ​បើ​បាន​ដឹង​មូលហេតុ​ថា​ខ្ជិល​ព្រោះ​អ្វី​ហើយ វា​នឹង​ធ្វើ​ឲ្យ​យើង​បាត់​ខ្ជិល​បាន​កាន់​តែ​លឿន ដូច​ជា​ខ្ជិល​ដោយ​សារ​ញៀនហ្គេម ញៀន​មើល​រឿង​ភាគ​ក៏​មិន​ចង់​ធ្វើ​អ្វីផ្សេង​ ព្រោះ​ថា​ហេតុផល​ភាគ​ច្រើន​ដែល​នាំ​ឲ្យ​យើង​ខ្ជិល​នោះ​គឺ​ដោយ​សារ​យើង​ញៀន​នឹង​អ្វី​មួយ​ខ្លាំង រហូត​​មិន​ចង់​ធ្វើ​អ្វី​ផ្សេង​ទៀត។ នៅ​ពេល​ដឹង​មូលហេតុ​ហើយ​ យើង​ក៏​អាច​រក​វិធី​កែខៃ​បាន​មិន​លំបាក​ទេ គឺ​គ្រាន់​តែ​បែងចែក​ពេល​វេលា​ខ្លះ​/ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ នោះ​ភាព​ខ្ជិល​នឹង​ត្រូវ​កាត់​បន្ថយ។
៣. រក​គោលដៅ​​ជំរុញ​​ចិត្ត
ធ្លាប់​ប្លែក​ក្នុង​ចិត្ត​អត់​ថា​ហេតុ​អ្វី​អ្នក​ខ្លះ​ឧស្សាហ៍​រៀន ឧស្សាហ៍​ធ្វើ​ការ​ម្ល៉េះ? ការ​ដែល​ពួក​គេ​ឧស្សាហ៍​គឺ​ដោយ​សារ​ពួក​គេ​​សុទ្ធ​តែ​មាន​គោលដៅ មាន​គ្រួសារ មាន​មនុស្ស​ជាទីស្រឡាញ់ ឬ​អ្វី​ក៏​ដោយ​ ដែល​ជា​គោលដៅ​ជំរុញ​ចិត្ត​គេ​ឲ្យ​កម្ចាត់​អារម្មណ៍​ខ្ជិល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ព្រោះ​នៅ​ពេល​ដែល​យើង​ដឹង​ថា​យើង​​ត្រូវការ​អ្វី ធ្វើ​ព្រោះ​អ្នក​ណា។ ទោះ​បី​ខ្ជិល​ខ្លះ តែ​​នឹង​អាច​ទាញ​សតិ​ខ្លួន​ឯង​បាន​កាន់​តែ​លឿន​ពេល​នឹក​ដល់​​គោលដៅ។
  ៤. រៀប​ចំ​គម្រោង​ការងារ​​ប្រចាំ​ថ្ងៃ
មនុស្ស​ជា​ច្រើន​គ្រាន់​តែ​ឃើញ​បរិមាណ​ការងារ​ដែល​ត្រូវ​ធ្វើ បរិមាណ​សៀវភៅ​ដែល​ត្រូវ​អាន​ក៏​មាន​អារម្មណ៍​ថា​ចង់​ខ្យល់​ចាប់ ហើយក៏​មាន​អារម្មណ៍​ថា​ខ្ជិល​អស់​កម្លាំង​ភ្លាម។ ដើម្បី​កុំ​ឲ្យ​​មាន​អារម្មណ៍​ថា​មាន​ការងារ​គរ​ច្រើន​ អ្នក​ត្រូវ​យក​ការងារ​មក​បែង​ចែក ហើយ​យក​វា​មក​​ធ្វើ​​ម្ដង​​មួយ​ៗ​ ចៀស​វាង​ឃើញ​ការងារ​ច្រើន​ហើយ​ក៏​​​ខ្ជិល​ ចាំ​ស្អែក​ហើយ​ស្អែក​ទៀត រហូត​ដល់​ពេល​ទឹក​ដល់​ច្រមុះ​ទើប​ស្រវេស្រវា។
៥. ​កែប្រែ​ខ្លួន​តាម​សម្រួល
បើ​អ្នក​ជា​មនុស្ស​ខ្ជិល​ ខ្ជិល​ដល់​កំពូល​ហើយ នៅ​សុខ​ៗ​ចង់​ប្រែ​ខ្លួន​ឲ្យ​ទៅ​ជា​ឧស្សាហ៍​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ក៏​មិន​អាច​ទៅ​រួច​ដែរ។ វិធី​ល្អ​បំផុត​គឺ​ត្រូវ​ប្រែ​ខ្លួន​​បន្តិច​ម្ដង​ៗ​តាម​សម្រួល។ កុំ​ភ្លេច​ថា​ភាព​ខ្ជិល​វា​នៅ​នឹង​ចិត្ត មិនមែន​ដោយ​សារ​រាងកាយ​​នោះ​ទេ ហើយ​ចិត្ត​គឺ​ជា​អ្នក​គ្រប់គ្រង​រាងកាយ​ ដូច្នេះ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ភាព​ខ្ជិល​ច្រអូស​មក​គ្រប​ពី​លើ​អ្នកបាន។
យ៉ាង​ណា​មិញ ភាព​ខ្ជិល​ក៏​មិន​ប្រាកដ​ថា​មិន​ល្អ​រហូត​ដែរ ព្រោះ​ពេល​ខ្លះ​ភាព​ខ្ជិល​នេះ​ហើយ​​ដែល​នាំ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ផ្សេង​​ៗ​។ ឧទាហរណ៍​រថយន្ត​មាន​កំណើត​ឡើង​ព្រោះ​មនុស្ស​ខ្ជិល​ដើរ ដូច្នេះ​​បើ​អ្នក​កំពុង​ខ្ជិល​ នោះ​ក៏​អាច​មាន​ការ​គិត​ល្អ​ៗ​​ណា​មួយ​កើត​ឡើង​​ក៏​ថា​បាន។ អ្វី​ដែល​សំខាន់​នោះ​គឺ​​កុំ​ឲ្យ​ភាព​ខ្ជិល​គ្រប់គ្រង​អ្នក​បាន​​គឺ​ល្អ​ហើយ ៕
ប្រភព៖ NewsSabay ​សម្រួល៖ KddNewsToday

No comments:

Post a Comment

loading...
loading...