និយមន័យ វ័យ និង ជរា មិនទទួលការអង្វរ-ក និង បញ្ជាទេ
អត្ថាធិប្បាយ វយៈ ឬ វ័យ = ការអស់ទៅ…ការសូន្យទៅ…
*ឃាត់មិនបាន មនុស្សប្រុសស្រីគ្រប់ៗគ្នា ចាប់តាំងពីថ្ងៃកើតមកតែងទទួលនូវភាពចាស់បន្តិចម្តងៗគ្រប់វិនាទីទាំងអស់។ ការដែលមនុស្សនិយាយថាចំរើនវ័យវឌ្ឍនាការ គឺចំរើនការចាស់ ឬ កាន់តែចាស់ទៅៗ ។ ការចាស់នេះ ទោះបីបុគ្គលណាដែលមានមហិទ្ធិឫទ្ធសំបើមក្រៃលែងយ៉ាងណាក៏ដោយ ក៏មិនអាចមកឃាត់ខាំងរារាំងមិនឱ្យចាស់បានទេ។ វាគឺជាច្បាប់ធម្មជាតិគ្របសង្កត់មកលើសត្វលោក, សត្វតិរច្ឆាន, រុក្ខជាតិនានា។ ម្យ៉ាងទៀត ពាក្យថា លោកៈ ឬ លោក នេះក៏មានន័យថាកើតឡើងហើយ វិនាសទៅវិញដែរ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា គ្មានអ្នកណាមកឃាត់វ័យគីការអស់ទៅ សូន្យទៅនេះបានទេ បើទុកណាជាគេសូកប៉ាន់ជារបស់មានតំលៃយ៉ាងណា ឬ អង្វរ-កយ៉ាងណាក៏ដោយ។
*ច្រានមិនទៅ
ជរា = ការគ្រាំគ្រា, ការទ្រុឌទ្រោម
ធម្មតា ភាពជរាគឺការរយីករយាកទ្រុឌទ្រោមរបស់មនុស្សលោក រួមទាំងសត្វតិរច្ឆាន, រុក្ខជាតិ, សំភារៈ ។ល។ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែទទួលរងនូវភាពរខេករខាក រយីករយាកទៅជា លំដាប់។ ជរាភាពក្តី មរណភាពក្តី គ្មានអ្នកណាត្រូវការចង់បានទេ។ ប៉ុន្តែ គេក៏ពុំអាចរុញច្រានវាឱ្យឃ្លាតទៅឆ្ងាយបានដែរ។ គឺកាលណាវាមកឆក់គ្របសង្កត់ ឬអូសទាញបុគ្គលណា បុគ្គលនោះត្រូវតែទទួលមិនអាចគេចពួនបានឡើយ។

ហេតុនេះហើយបានជាព្រះពុទ្ធអង្គទ្រង់ត្រាស់ថា គ្មានមហិទ្ធិឫទ្ធណាមកបញ្ជាកុំឱ្យវាមកបានទេ៕
ស្រង់ពីសៀវភៅ វចនានុក្រម សុភាសិតខ្មែរ អធិប្បាយ (ភាគ ១) របស់លោក លី ថៃលី
No comments:
Post a Comment